វិធីសាស្រ្តប្រមូលទិន្នន័យ

ការប្រមូលទិន្នន័យ  ជាដំណើរការមួយក្នុងការទទួលបាន​ព័ត៌មាន​ដែល​​​មាន​​​​ការ​​ពាក់​ព័ន្ធ​​ដែលនឹងត្រូវ​បាន​រៀប​​ចំចងក្រង និងប្រមូលផ្តុំសម្រាប់ធ្វើការ​វិភាគ។​ទិន្ន​ន័យ​ដែល​​​ប្រមូល​បាន​ជា​សមាសធាតុមួយដ៏មានសារ​សំខាន់​​ក្នុងការស្រាវជ្រាវ ដោយ​សារតែ​ទិន្ន​ន័យ​ដែល​ប្រមូល​បាន ជា​មូល​​ដ្ឋាន​គ្រឹះដ៏រឹងមាំក្នុង​ការ​វិភាគ និងវាយ​​តម្លៃ​​​​​​​​។ ការ​ប្រមូល​​ទិន្នន័យទៅបាន​វាអាស្រ័យទៅលើ​ដំណើរការ​សម្ភាសន៍​ ការពិភាក្សាក្រុម​គោលដៅ ការចុះអង្កេតផ្ទាល់ និងការអង្កេត​ផ្សេង​ៗ​។

បន្ទាប់ពីធ្វើការកំណត់បញ្ហា និងគោលបំណងស្រាវជ្រាវរួចមក ការស្រាវជ្រាវនឹងចាប់ផ្តើម​ដំណើរការទៅតាមឧបករណ៍សំខាន់ៗពីរគឺទិន្នន័យទី១/ ទិន្នន័យបឋម​(Primary Data) និង​​​ទិន្ន​ន័យ​​​​​ទី​ពីរ​​(Secondary Data)ដូចមានបង្ហាញខាងក្រោម៖
ទិន្នន័យទី១/ ទិន្នន័យបឋម(Primary Data)
ទិន្នន័យនេះ ជាព័ត៌មានដែលទទួលបានពីការសង្កេត និង​​​ចុះ​សាក​សួរ ឬការ​សម្ភាសន៍​​ផ្ទាល់ជាមួយប្រជាពលរដ្ឋ  និងអ្នកដែលពាក់ព័ន្ធ។   វិធី​សាស្រ្ត​​​ក្នុងការ​ទទួលបាន​ទិន្ន​​ន័យ​ គឺធ្វើ​​​​ឡើង​តាម​​​រយៈ​ការធ្វើសម្ភាសន៍ជាលក្ខណៈផ្លូវ​ការ និងពាក់​​​​កណ្តាល​​​ផ្លូវ​ការ​​ជា​​​​មួយ​​ប្រជា​​ពល​រដ្ឋ​មេភូមិ និងអាជ្ញាធរឃុំ។ ការ​សម្ភាសន៍​ត្រូវបាន​​ធ្វើ​ឡើង​​តាម​កម្រង​សំនួរ​ដែល​មាន​​​លក្ខណៈ​​រៀប​រយ ដោយកំណត់នូវ​ពេល​វេលា ទី​កន្លែង ​ចំនួន​​​​សំណាក​​​​ដែល​​​​​ត្រូវសម្ភាសន៍រួច​ជា​ស្រេច​ និង​មិន​​រៀប​រយ  ដោយមិន​បាន​​កំណត់​​នូវ​ពេលវេលា ទី​កន្លែង  ចំនួន​​សំណាក​ច្បាស់​លាស់ ជា​លក្ខណៈ​​ចៃដន្យ(​មិន​​​បាន​​ព្រៀងទុក) ទៅលើ​សំណាក​ផ្សេង​ៗ​​​​​​ទៀតដែល​មានការ​ពាក់ព័ន្ធ។ ក្នុងនោះដែរ​ការស្រាវជ្រាវនឹងធ្វើការកត់ត្រាទុករាល់​ការ​លើកឡើង ឬជាមតិយោបល់ បានពីការ​សម្ភា​ស​ន៍​ពួក​គាត់(ប្រជា​​ពល​រដ្ឋ​ មេភូមិនិងអាជ្ញាធរឃុំ និងជនដ៏ទៃដែលមានការពាក់ព័ន្ធ)។
ការសម្ភាសន៍ (Interview)
- ការសម្ភាសន៍ស៊ីជម្រៅៈ ការស្រាវជ្រាវ នឹងប្រើវិធីស្រាវជ្រាវនេះ ដើម្បីធ្វើការស្រាវ​​​ជ្រាវ​ទាក់​ទង​​​​ទៅនឹងស្ថានភាពរបស់ឃុំបុស្បូវ ដែលបានកំពុងអនុវត្តនយោបាយវិមជ្ឈការ ដោយការ​សម្ភាសន៍ទៅលើអ្នកដែលមានការពាក់ព័ន្ធ(អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ) ស្ថាន​ភាព​សេដ្ឋ​កិច្ច​ការអប់រំ សង្គមកិច្ច សេវាកកម្មនានា និងបញ្ហាដែលមានការពាក់ព័ន្ធ​មួយចំនួនទៀតដូចជា​សន្តិ​សុខ​ និងសណ្តាប់ធ្នាប់ និងយេនឌ័រជាដើម។
ដោយសារតែវិធីសាស្រ្តនេះមានលក្ខណៈខុសពីការប្រជុំក្រុមព័ត៌មានសំខាន់ៗនោះ ការ​សម្ភា​ស​ន៍​​​​​ស៊ីជម្រៅពីបុគ្គលដែលមានការពាក់ព័ន្ធ ដែលទំហំនៃការទទួលព័ត៌មាន មានលក្ខណៈ​​ទូលំទូលាយជាងបណ្តាវិធីសាស្រ្តនានា។ ការសម្ភាសន៍បែបស៊ីជម្រៅ គឺជាការ​សម្ភាសន៍ដោយ​៖​
- ការសម្ភាសន៍មិនបានរៀបគម្រោងទុកជាមុនៈ  បុគ្គលដែលមានការពាក់ព័ន្ធដែលត្រូវ​បាន​​​​​​​​សម្ភាសន៍ មានសេរីភាពគ្រប់គ្រាន់ ដើម្បីបញ្ចេញនូវកង្វល់ និងបញ្ហានានា ឈានឆ្ពោះ​ទៅ​រក​ទិស​ដៅនៃការពិភាក្សា។ ដោយការសម្ភាសន៍ត្រូវមានសំនួរផ្តើមទៅលើចំណុចសំខាន់​​​តែប៉ុណ្ណោះ ហើយការសម្ភាសន៍នេះមិនអាចដាក់ចូលនូវមតិខ្លួនឯង ​(មតិផ្ទាល់ខ្លួន)​​បានទេ ដោយ​​​សារ​​តែជាលក្ខណៈ​​​ស្រាវជ្រាវពីគ្នាទៅវិញទៅមក។
- ការសម្ភាសន៍រៀបចំគោលសំខាន់ៗទុកជាមុនៈ  ការសម្ភាសន៍ដែលមានការរៀបចំ បែប​​​នេះវាមិនមែនជាការរៀបចំជាបញ្ជីសំនួរទេ តែការសម្ភាសន៍នេះ គឺធ្វើឡើងដោយការលើកឡើងនូវគ្រោងចំណុចសំខាន់ទៅតាមកាលៈទេសៈជាក់ស្តែង។
- ការសម្ភាសន៍ដោយរៀបចំគ្រោងលំអិតជាមុនៈ  ជាការរៀបចំជាសំនួររួចជាស្រេចដោយ​គិតពីគម្រោងនៃការពិព័ណ៌នាជាស្រេច។ តាមរយៈការសម្ភាសន៍ដោយលំអិតនេះ ការ​​ស្រាវ​ជ្រាវ​មិនរកត្រឹមតែខ្លឹមសារ និងប្រធានបទសម្ភាសន៍សំខាន់នោះទេ ប៉ុន្តែគឺជាការរកអោយ​ឃើញ​នូវ​អ្វី​(ព័ត៌មាន) ដែលអ្នកឆ្លើយប្រាប់ និងពិព័ណ៌នាប្រាប់។ ការបង្កើត​​កម្រងសំនួរបែបលំអិត​ទុក​ជា​មុន​ជាការងាររៀបចំជាបញ្ជីសំនួរដោយប្រុងប្រយ័ត្ន និងមានភាពច្បាស់លាស់ និងមានទ្រង់ទ្រាយ​ល្អ​ប្រសើរ(រចនាបថ)
ការសម្ភាសន៍ពាក់កណ្តាលផ្លូវការ (Semi Structure Interview-SSI)
ការសម្ភាសន៍ពាក់កណ្តាលផ្លូវការ(SSI) ជាការសន្ទនារវាងអ្នកស្រាវជ្រាវ និងអ្នកភូមិ​ដើម្បី​​​​ស្វែងយល់ពីព័ត៌មាន និងស្ថានភាពផ្សេងៗនៃជីវភាពសហគមន៍ ហើយជាមធ្យោបាយសម្ភាសន៍​​តែមួយគត់ដែលគេអាចប្រើក្នុងការអនុវត្តន៍ PRA/ RRA ជាដើម។
SSI គឺជាការសម្ភាសន៍ម្យ៉ាងដែលអ្នកសម្ភាសន៍ពុំបាច់ត្រៀមសំនួរទុកជាមុន តែត្រូវ​​ដឹងពីប្រធានបទ(Topic) ឬអនុប្រធានបទ(Subtopics) ដែលត្រូវសួរ។ ដោយបង្កើតជាសំនួរភ្លាមៗ​ទៅ​លើចំណុចមួយៗ ដែលទាក់ទងទៅនឹងប្រធាន ឬអនុប្រធានបទរហូតបានទទួលព័ត៌មាន​ជាក់​លាក់​។ ការធ្វើបែបនេះគឺជាការសួរបែប PRA សម្រាប់ការសួរដេញដោល​(Probe) ដើម្បីរក​ហេតុ​ផល​ផ្សេងទៀត។
នៅពេលសម្ភាសន៍ត្រូវប្រើប្រធានសំនួរជំនួយទាំង៨(WH Questions)ដើម្បីចោទជា​សំនួរ​​​​នៅពេលសម្ភាសន៍៖  អ្វី(What),  អ្នកណា(Who),  របស់អ្នកណា(Whose),​ កន្លែងណា​​​​/ទីណា​​(Where)ពេលណា(When),  ហេតុអ្វី(Why),  យ៉ាងដូចម៉េច(How)  និងប៉ុន្មាន​/​​​​​​​​ចំនួនប៉ុន្មាន(How much/ How many)
ការពិភាក្សាក្រុមគោលដៅ (Focus Group Discussion)
វិធីសាស្រ្តនេះ នឹងពិភាក្សាដោយផ្តោតសំខាន់ទៅលើការកំណត់ដ៏ជាក់លាក់នូវដំណើរ​ការ​នយោបាយវិមជ្ឈការប្រកបដោយជោគជ័យ និងភាពបរាជ័យ ក្នុងការអនុវត្តសកម្មភាពដែល​ធ្វើ​​អោយរីកចម្រើននៅមូលដ្ឋាន។ ការពិភាក្សានេះគឺផ្តោតទៅលើភាពរាំងស្ទះ ការ​គំរាម​គំហែង ភាពងាយរងគ្រោះក្នុងសហគមន៍មូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ច​រដ្ឋបាល​របស់ឃុំ។
ការសង្កេតផ្ទាល់ (Direct/ Field Observation)
ការចុះសង្កេតផ្ទាល់(Direct/ Field Observation) ជាការអង្កេតមើលរបស់អ្នក​​ស្រាវ​ជ្រាវ​ពី​ទិដ្ឋភាពនិងស្ថានភាពពីខាងក្រៅលើអ្វីដែលអ្នកនៅមូលដ្ឋាន​(ប្រជាពលរដ្ឋ)​មានឬ​ធ្វើ​។ 
ទិន្នន័យទី២ (Secondary Data)
ទិន្នន័យទី២សំដៅទៅលើទិន្នន័យមានស្រាប់ ជាប្រភពទិន្នន័យដែលបានមក​ពី​ការ​សិក្សា​​​​ប្រមូលផ្តុំរាល់សំណៅជាឯកសារសៀវភៅ   របាយការណ៍ ឬស្ថិតិផ្សេងៗ​ដែល​​ពាក់​​​​​​​ព័ន្ធ​​នឹង​ការ​​​​ស្រាវ​ជ្រាវ។ ប្រភពទិន្នន័យនេះ ឬទិន្នន័យដែលមានស្រាប់ត្រូវបាន​​ប្រមូល​ចេញ​​​ពី​​ ស្ថា​ប័ន ឬអង្គ​ការ ​និងមជ្ឈដ្ឋានសាធារណៈនានា។ ការចងក្រង​នូវ​ទិន្នន័យ​ពីប្រភព​ទិន្ន័យ​ទី២នេះ គឺជា​បច្ច័យ​មួយ ដើម្បីធ្វើអោយខ្លឹមសារ និងសារណាដែល​បានសិក្សាស្រាវជ្រាវ​មាន​ទម្ងន់ ឬមាន​សេចក្តី​​អះអាងច្បាស់លាស់​។ ប្រភព​ទិន្ន​ន័យ​​ទី២​នេះ គឺត្រូវបានប្រមូលពីបណ្តា​ស្ថាប័ន​​រដ្ឋ និង​ឯកជន​​​មួយ​ចំនួនដូចជា​៖
-       បណ្ណាល័យសាកលវិទ្យាល័យមានជ័យ និងបណ្ណាគារឯកជន
-       សាលាឃុំបុស្បូវ/ សាលាស្រុក
-       មន្ទីរផែនការខេត្តបន្ទាយមានជ័យនិងមន្ទីរឬស្ថាប័នដែលមានការពាក់ព័ន្ធ
-       ប្រភពប្រព័ន្ធអេឡិចត្រូនិច (អ៊ិនធឺណែត)
-       ឯកសារគតិយុត្តិ (ព្រះរាជក្រឹត្យ អនុក្រិត ប្រកាស...ឬសៀវភៅច្បាប់ជាដើម
-       បណ្តុំសំណៅឯកសារនានា (សៀវភៅ ការសែតទស្សនាវដ្តីព្រឹត្តិបត្រ...)

No comments

Powered by Blogger.